ការសើសចំអក រហូតដល់ពេលដែលក្តីសុបិនដែលមិនអាចទៅរួចបានក្លាយជាការពិត
ការប្រឈមមុខ និងការភ័យខ្លាចចំពោះអ្វីដែលគេគិតថាជារឿងមិនប្រាកដ
ការបរាជ័យគឺគួរឱ្យខ្មាសអៀនជាងការឈប់ឈរនៅមួយកន្លែងដោយមិនធ្វើអ្វីសោះ
ពិភពលោកដែលប្រាប់ឱ្យយើងយល់សប្តិនូវក្តីសុបិនដែលមានភាពប្រាកដនិយម
ខ្សែភ្នែកដែលមិនអនុញ្ញាតឱ្យយើងហោះហើរ សូម្បីតែនៅក្នុងសុបិន
សូម្បីតែការយល់សប្តិ ក៏រងឥទ្ធិពលពីទំនាញផែនដីដែរ
ការភ័យខ្លាចនឹងការបរាជ័យ ធ្វើឱ្យយើងលែងហ៊ានដើរ
ហើយចុងក្រោយ យើងក៏ក្លាយជាផ្នែកមួយនៃពិភពលោកនោះ។
យើងចាប់ផ្តើមចេះមើលទឹកមុខមនុស្សជុំវិញ
សូម្បីតែការយល់សប្តិ ក៏ត្រូវគិតពីខ្សែភ្នែកអ្នកដទៃដែរ។
“ក្តីសុបិន មិនអាចក្លាយជាការពិតបានទេ”
ការនិយាយពាក្យនោះដដែលៗ
ធ្វើឱ្យយើងចាប់ផ្តើមស៊ាំទៅនឹងភាពងងឹតនៃពិភពលោកនេះ។
តើយើងសាកគិតពីពិភពលោកទាំងនោះបន្តិចបានទេ?
មនុស្សមានភាពអាត្មានិយម
ហើយអារម្មណ៍ថាខ្លួនឯងអន់ជាងគេ គឺជាជារឿងដែលជៀសមិនរួច។
យើងរស់នៅពេញមួយជីវិត ដោយការបង្ខូចឈ្មោះ និងធ្វើឱ្យគ្នាមានរបួស។
ចុងក្រោយ សូម្បីតែក្នុងខណៈពេលដែលអ្នកកំពុងអានអត្ថបទនេះ
អ្នកក៏ប្រហែលជាកំពុងរិះគន់ បន្ទោស និងជជែកវែកញែកគ្នាដែរ។
ក្នុងលោកនេះមានមនុស្សច្រើនប្រភេទ។
មនុស្សដែលមិនទទួលស្គាល់ភាពខុសគ្នា ហើយចាំតែរិះគន់
មនុស្សដែលបង្ក្រាបភាពខុសគ្នា ហើយចាក់ទឹកបំផ្លាញពណ៌សម្បុនៃជីវិត
មនុស្សដែលយកឈ្មោះនៃភាពខុសគ្នា មកធ្វើបាបអ្នកដទៃ
មនុស្សដែលបង្ខំឱ្យទទួលយកភាពខុសគ្នា ប៉ុន្តែអះអាងតែភាពត្រឹមត្រូវរបស់ខ្លួនឯង
មនុស្សដែលមិនដែលរៀនពីរបៀបអបអរសាទរជោគជ័យរបស់អ្នកដទៃ
មនុស្សដែលប្រើអារម្មណ៍អន់ជាងគេ ដើម្បីធ្វើឱ្យអ្នកដទៃមានរបួស
ត្រីដែលត្រូវបានបោកប្រែដោយប្រព័ន្ធផ្សព្វផ្សាយ ហើយហូរតាមទឹក
ពួកគេធ្វើឱ្យយើងមានរបួសតាមវិធីផ្សេងៗគ្នា
និងរារាំងក្តីសុបិនរបស់យើងតាមវិធីជាច្រើន។
ពួកគេកំណត់ព្រំដែននៃក្តីសុបិនតាមវិធីផ្សេងៗ
សើសចំអកឱ្យពាក្យថា 'មិនប្រាកដនិយម'
អ្នកដែលរៀនខុសថា ការរិះគន់គឺជា 'មតិយោបល់'
ពួកគេជាន់ឈ្លីក្តីសុបិនរបស់អ្នកដទៃដោយគ្មានការស្ដាយក្រោយ។
ទោះជាយ៉ាងនេះក្តី យើងត្រូវតែយល់សប្តិ ទើបអាចទ្រាំទ្របាន
ដូច្នេះហើយ យើងប្រហែលជាកំពុងរស់នៅថ្ងៃមួយទៀត ដោយសម្លឹងមើលទៅក្តីសង្ឃឹម។
ភាពរ៉ូមែនទិកបានស្លាប់បាត់ ហើយភាពប្លែករបស់ខ្ញុំក្លាយជារឿងគួរឱ្យអៀន ដែលធ្វើឱ្យខ្ញុំត្រូវមើលទឹកមុខអ្នកដទៃ។
ខ្ញុំលែងហ៊ានយល់សប្តិពីក្តីសុបិនដែលធំដុំទៀតហើយ។
ហេតុនេះហើយ ពិភពលោកនិយាយថា ភាពរ៉ូមែនទិកមិនមែនជារឿងទាន់សម័យ ហើយជារឿងគួរឱ្យអៀន។
ហើយចុងក្រោយ អ្នកក៏ក្លាយជាផ្នែកមួយនៃពិភពលោកនោះដែរ។
អត្ថបទនេះគឺគួរឱ្យអៀន។
វាគ្រាន់តែជាការរអ៊ូយ៉ាងវែងអន្លាយ
នូវពាក្យដែលអ្នកណាក៏អាចនិយាយបានដែរ។
ពិភពលោកបានរកឃើញរឿងមួយទៀតដើម្បីសើសចំអក និងមើលងាយ។
ចុះពាក្យថា "ចូរស្រឡាញ់ខ្លួនឯង" វិញ តើអ្នកគិតយ៉ាងណា?
សម្រាប់អ្នកដែលទទួលយកពាក្យថា "ចូរស្រឡាញ់ខ្លួនឯង"
ថាវាគ្រាន់តែជាពាក្យដែលអ្នកណាក៏និយាយបាន
ឬគ្រាន់តែជាពាក្យដែលមានន័យល្អ
អ្នកប្រហែលជាមនុស្សដែលទទួលបានពរជ័យហើយ។
ដោយសារគ្មានអ្នកណាម្នាក់ធ្លាប់បង្រៀន
មនុស្សមួយចំនួនមិនដឹងពីវិធីស្រឡាញ់ខ្លួនឯងនោះទេ។
អ្នកដែលគិតពីទីបញ្ចប់នៃថ្ងៃជារៀងរាល់ថ្ងៃ
អ្នកដែលមិនចេះប្រើភាពបាក់ទឹកចិត្តជាអាវុធ
និងអ្នកដែលអស់កម្លាំងចិត្តក្នុងការទ្រាំទ្របន្តទៀត
ចុងក្រោយ ពួកគេត្រូវប្រឈមមុខតែម្នាក់ឯង
ហើយត្រៀមខ្លួនសម្រាប់ការបញ្ចប់។
ក្នុងពិភពលោកដែលបង្ខូចឈ្មោះ បន្ទោសគ្នា និងមិនចេះយល់ចិត្តគ្នា
អ្នកដែលកំពុងត្រៀមខ្លួនចាកចេញពីលោកនេះ
សូម្បីតែវិធីសុំជំនួយ ក៏គ្មានដែរ។
ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
ការធ្វើបាបខ្លួនឯងជារឿយៗមិនចេះចប់
ធ្វើឱ្យក្តីសុបិនសន្សឹមៗរលាយបាត់ទៅ។
ចុងក្រោយ ដោយមិនអាចរកឃើញហេតុផលនៃជីវិត
ពួកគេក៏បិទភ្នែកយ៉ាងស្ងប់ស្ងាត់។
ហេតុនេះហើយ ខ្ញុំសង្ឃឹមថា
អ្នកនឹងរកឃើញហេតុផលនៃជីវិត នៅក្នុងខ្លួនរបស់អ្នកផ្ទាល់។
ព្រោះពិភពលោកនេះ មិនសូវមានភាពសប្បុរសចំពោះអ្នកនោះទេ។
ហើយខ្ញុំសង្ឃឹមថា អ្នកនឹងបន្តដើរទៅមុខឆ្ពោះទៅថ្ងៃស្អែក
ជាមួយនឹងក្តីសុបិនរបស់អ្នក។
ចុងក្រោយ ហេតុផលដែលអ្នកស្ដាប់តន្ត្រីនេះ
ក៏ព្រោះតែបេះដូងដែលចង់រស់នៅសម្រាប់ថ្ងៃស្អែកមែនទេ?
លើសពីការលួងលោម និងក្តីសង្ឃឹមដែលតន្ត្រីផ្តល់ឱ្យ
ខ្ញុំជឿលើអ្នក ដែលបានស្វែងរកតន្ត្រីរបស់ខ្ញុំដើម្បីទទួលបានការលួងលោម។
ខ្ញុំសង្ឃឹមថា អ្នកនឹងបន្តដើរទៅមុខឆ្ពោះទៅថ្ងៃស្អែក។
ហើយអ្នក ដែលពេលនេះបានក្លាយជាផ្នែកមួយនៃពិភពលោក
តើអ្នកនឹងស្រែកប្រាប់ក្មេងៗថាអ្វីទៅ?