‘Global Hitmaker’ aespa នឹងចេញផ្សាយអាល់ប៊ុមមីនីទី ៤ ‘Drama’ នៅថ្ងៃទី ១០ ខែវិច្ឆិកា!
រួមបញ្ចូលបទចម្រៀងសរុបចំនួន ៦ បទ នៃប្រភេទតន្ត្រីដ៏សម្បូរបែប រួមទាំងបទចម្រៀងគោលផងដែរ!
‘Global Hitmaker’ aespa (ក្រោមការគ្រប់គ្រងរបស់ SM Entertainment) នឹងត្រឡប់មកវិញជាមួយនឹងអាល់ប៊ុមមីនីថ្មី ‘Drama’ នៅថ្ងៃទី ១០ ខែវិច្ឆិកា ខាងមុខនេះ ដែលត្រូវបានគេរំពឹងថានឹងបង្កើតជាបាតុភូតដ៏ល្បីល្បាញមួយទៀត។
អាល់ប៊ុមមីនីទី ៤ របស់ aespa ដែលមានឈ្មោះថា ‘Drama’ នឹងចេញផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកា ដោយរួមបញ្ចូលបទចម្រៀងសរុបចំនួន ៦ បទ នៃប្រភេទតន្ត្រីដ៏សម្បូរបែប រួមទាំងបទចម្រៀងគោលដែលមានឈ្មោះដូចគ្នាគឺ ‘Drama’ ដែលវានឹងផ្តល់ឱ្យអ្នកស្ដាប់នូវសេចក្តីរីករាយជាមួយនឹងមន្តស្នេហ៍នៃសំឡេងដ៏ទុំ និងពណ៌សម្បុីតន្ត្រីដែលកាន់តែស៊ីជម្រៅ។
aespa បានបង្កើតកំណត់ត្រាដ៏ត្រចះត្រចង់ តាមរយៈអាល់ប៊ុមមីនីទី ៣ ‘MY WORLD’ ដែលបានចេញផ្សាយកាលពីខែឧសភា ដោយសម្រេចបាននូវចំនួនការកក់ទុកមុនខ្ពស់បំផុត និងការលក់លើសពី ២ លានសន្លឹក (Double Million Seller) ព្រមទាំងជាប់ចំណាត់ថ្នាក់លេខ ១ នៃការលក់ក្នុងថ្ងៃដំបូងសម្រាប់ក្រុមហ្គីលសាយ K-pop និងលេខ ១ នៃការលក់ក្នុងសប្តាហ៍ដំបូង (First-week sales) សម្រាប់ក្រុមហ្គីលសាយ K-pop ក្នុងប្រវត្តិសាស្ត្រ ដែលធ្វើឱ្យដំណឹងនៃការត្រឡប់មកវិញរបស់ពួកគេទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
លើសពីនេះ បទចម្រៀងគោលកាលពីលើកមុនគឺ ‘Spicy’ បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ដោយបានក្តោបក្តាប់តារាងចម្រៀងក្នុង និងក្រៅប្រទេស រួមមានចំណាត់ថ្នាក់លេខ ១ លើតារាង Real-time នៃគេហទំព័រតន្ត្រីជាច្រើន និងលេខ ១ លើតារាងបទចម្រៀងថ្មី និងតារាងវីដេអូចម្រៀង (Music Video Chart) ផ្នែកសកល និងកូរ៉េ នៃ QQ Music ប្រទេសចិន។ ហេតុនេះហើយ ទើបការបង្ហាញនូវតន្ត្រីថ្មី និងរូបភាពប្លែកៗរបស់ aespa ក្នុងអាល់ប៊ុមលើកនេះ កាន់តែគួរឱ្យរំពឹងទុកខ្លាំងឡើង។